ជ្រើសរើសភាសា: Khmer Khmer English English
ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន អញ្ជើញបិទសន្និបាតរដ្ឋបាលខេត្តកំពង់ធំ និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ ២០២៣

ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន អញ្ជើញបិទសន្និបាតរដ្ឋបាលខេត្តកំពង់ធំ និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ធំ និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, រដ្ឋបាលស្រុក ក្រុង ឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណ ៣០០នាក់។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា អង្គសន្និបាតរយៈពេល០២ថ្ងៃ បានដំណើរការទៅយ៉ាងរលូន ដោយមានការធ្វើបទអន្តរាគមន៍ និងការបែងចែកជាក្រុមពិភាក្សាលើប្រធានបទសំខាន់ៗរួមមាន៖ ១-ការបង្រ្កាបបទល្មើសគ្រឿងញៀន បទល្មើសចោរកម្ម បទល្មើសព្រៃឈើ បទល្មើសនេសាទ ២-ការដោះស្រាយទំនាស់ដីធ្លីក្នុងប្រព័ន្ធតុលាការ ៣-ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ៤-ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ ៥-ការផ្តល់សេវាតាមរយៈមន្ទីរអង្គភាពជំនាញ។ រាល់បទអន្តរាគមន៍ ក៏ដូចជាកិច្ចពិភាក្សា បានផ្តោតសំខាន់ទៅលើលទ្ធផលការងារ លើបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរជាគន្លឹះ ដើម្បីធានាប្រសិទ្ធិភាពក្នុងការគ្រប់គ្រង ដឹកនាំ និងអនុវត្តបន្តរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៤។ ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា រដ្ឋបាលខេត្តនឹងបន្តការខិតខំប្រឹងប្រែង ពង្រឹងវិន័យ សីលធម៌ អភិវឌ្ឍន៍សមត្ថភាពជំនាញ ពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងប្រមូលផ្តុំទស្សនៈបញ្ញាញាណ ដើម្បីពិនិត្យ និងដោះស្រាយនូវរាល់បញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋមូលដ្ឋាន សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សុខុមាលភាព និងវិបុលសុខជូនប្រជាជនទូទាំងខេត្តកំពង់ធំ។

អង្គសន្និបាតក៏មានការអានសេចក្តីសម្រេចលេខ២១២ សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់តាំងសមាភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ចំនួន១០៦រូប ដែលមានឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ជាប្រធាន និងឯកឧត្តម ងួន រតនៈ ជាអនុប្រធានអចិន្ត្រៃយ៍។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាត ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ បានថ្លែងថា រាជ រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ កម្មវិធី នយោបាយ និង យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាល ទី ១ ដើម្បី ជំរុញ ល្បឿន នៃ ការ អភិវឌ្ឍ ប្រទេស ជាតិ ឱ្យ ឈាន ឆ្ពោះ ទៅ សម្រេច បាន ចក្ខុវិស័យ “កម្ពុជា ជា ប្រទេស មាន ចំណូល មធ្យម កម្រិត ខ្ពស់ នៅ ឆ្នាំ ២០៣០ និង ជា ប្រទេស មាន ចំណូល ខ្ពស់ នៅ ឆ្នាំ ២០៥០” ដែលនេះគឺជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់និងវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ឯកឧត្តមបានថ្លែងទៀតថា ទន្ទឹមនឹងសមិទ្ធិផលដែលខេត្តកំពង់ធំសម្រេចបានក្នុងឆ្នាំ២០២៣ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានដាក់ចេញទិសដៅសំខាន់ៗចំនួន ១២ចំនុច សម្រាប់រដ្ឋបាលគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់អនុវត្ត៖ ១-ការការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឲ្យបានរឹងមាំ, ២-ការរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង, ៣-បន្តជំរុញចលនាអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ៤-បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា, ៥-ពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ៦-ពង្រឹង និងលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ, ៧-លើកកម្ពស់ការផ្តល់សេវាសាធារណៈ, ៨-ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ៩-ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងខេត្ត, ១០-ការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លី, ១១-ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និង ១២-ការពង្រឹងរបៀបរបបការងារ។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានលើកឡើងបន្ថែមអំពីតួនាទី និងភារកិច្ចរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមានតួនាទីតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍ មូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តខិតខំអនុវត្តការងារឆ្វៀលដីនៅតំបន់៣ តំបន់២ នៅតំបន់ក្រុងស្រុកគោលដៅ ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ និងអាស្រ័យផល, បន្តអនុវត្តគោលនយោបាយគាំពារសង្គមដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ, ខិតខំជុំរុញទាក់ទាញការវិនិយោគដើម្បីបង្កើតការងារ មុខរបរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន, ខិតខំដោះស្រាយទំនាស់ ឬជម្លោះក្រៅប្រព័ន្ធតុលាការ, និងបន្តខិតខំធ្វើអំពើល្អដើម្បីបង្កើនភាពជឿជាក់ និងទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានទាក់ទង